២.អទិន្នាទាន

ការកាន់យកនូវវត្ថុ ដែលគេមិនបានឱ្យដោយកាយ ឬ ដោយវាចា ឈ្មោះថា អទិន្នាទាន គឺ កាន់យកដោយថេយ្យចេតនា (ចេតនាលួច) ។

អាការៈមាន ៥ យ៉ាងគឺ ៖

១-ដោយមូល

– មានលោភៈ និង មោហៈ ជាមូលព្រោះលួចដើម្បីបានមកជារបស់ខ្លួន។

– មានទោសៈ និង មោហៈ ជាមូលព្រោះលួចមិនដើម្បីបានមកជារបស់ខ្លួនទេ តែប្រាថ្នាចង់ឱ្យម្ចាស់ទ្រព្យ ខូចខាតទ្រព្យរបស់ ។      កម្មបថទី ២ នេះ

មានមូលសរុប ៣ គឺ លោភៈ ទោសៈ មោហៈ។

២- ដោយកម្ម ជាកាយកម្ម

៣- ដោយទ្វារ          ប្រព្រឹត្តទៅបានទ្វារពីរ គឺ កាយទ្វារ ១ និង វចីទ្វារ១។

៤- ដោយសាវជ្ជៈ​ លួចវត្ថុល្អ មានតម្លៃច្រើន មានទោសធ្ងន់ លួចវត្ថុអន់មានតម្លៃតិចមានទោសស្រាល ។​ លួចវត្ថុដែលម្ចាស់របស់មានគុណច្រើនឬមានសីល មានទោសធ្ងន់ ។ លួចវត្ថុដែលម្ចាស់របស់មានគុណតិចឬមិនមានសីល មានទោសស្រាល ។ លួចវត្ថុធំ មានទោសធ្ងន់ លួចវត្ថុតូចមានទោសស្រាល។ បើវត្ថុ​ និង គុណនៃម្ចាស់វត្ថុស្មើគ្នា កិលេស និង ការព្យាយាមក្នុងការលួចខ្លាំង មានទោសធ្ងន់ កិលេស និង ការព្យាយាមក្នុងការលួចខ្សោយ មានទោសស្រាល ។

៥. ដោយអង្គ មានអង្គ ៥ គឺ​ ៖

១. បរបរិគ្គហិតំ        ទ្រព្យដែលម្ចាស់គេហួងហែងរក្សា

២. បរបរិគ្គហិតសញ្ញិតា  សេចក្ដីដឹងថាទ្រព្យនោះ     មានម្ចាស់ហួងហែង-រក្សា ។

៣. ថេយ្យចិត្តំ           គិតនឹងលួច

៤. ឧបក្កមោ            ព្យាយាមនឹងលួច

៥. តេន ហរណំ       លួចបានដោយព្យាយាមនោះ ។

សិក្ខាបទនេះមានប្រយោគ ១៣ គឺ ៖

១. អាទិយន   លួចដោយចោទប្រកាន់យក។

២. អវហរណ​    លួចដោយឆបោកយកទ្រព្យបញ្ញើ។

៣. ធុរនិក្ខេប​ លួចដោយការដាក់ចុះធុរៈ។

៤. ហរណ​     លួចដោយការនាំទៅ។

៥. អាណត្តិកៈ ​ លួចដោយបង្គាប់បញ្ជាពីអ្នកដទៃ។

៦. សាហត្ថិកៈ​ លួចដោយដៃខ្លួនឯង។

៧. និស្សគ្គិយ​    លួចដោយការគ្រវែង ឬ បោះចោល។

៨. សំវិធាវហារ ​លួចដោយការបបួលគ្នា។

៩.​ សង្កេត និម្មិត្តកម្ម​ លួចដោយការកំណត់ពេលវេលាឬ ធ្វើនិមិត្តប្រាប់ ។

១០.ថេយ្យាវហារ ​   ការលួចដូចជាចោរ។

១១. បសយ្ហាវហារ​​  លួចដោយការគំរាម កំហែងដណ្ដើម ឬ ប្លន់ជាដើម។

១២. បដិច្ឆន្នាវហារ  លួចដោយការបិទបាំងទុក។

១៣. កុសាវហារ      លួចដោយការប្ដូរស្លាក។