១. បាណាតិបាត

ការញ៉ាំងសត្វមានជីវិតឱ្យធ្លាក់ចុះកន្លងឈ្មោះថា បាណាតិបាត គឺការសម្លាប់សត្វ ។ ដោយវោហារ បានដល់សត្វ ដោយបរមត្ថ  បានដល់   ជីវិ­តិន្រ្ទិយ ២ យ៉ាង គឺ   រូបជីវិតិន្រ្ទិយ  ១  និង  នាមជីវិតិន្រ្ទិយ ១ ។  មានវធកចេតនា (ចេតនាសម្លាប់) តែសត្វមិនបានស្លាប់ អកុសលចិត្តនោះមិនជាកាយកម្មទេព្រោះមិនបានដាច់កម្មបថ គ្រាន់តែជ្រាបថា អកុសលចិត្តនេះ ជាកាយទុច្ចរិតម៉្យាង។

អាការៈមាន ៥ យ៉ាង គឺ ៖

– ដោយមូល​     សិក្ខាបទនេះកើតឡើងព្រោះ ទោសៈ និង ​​​មោហៈជា  មូល។

– ដោយកម្ម      ជាកាយកម្មព្រោះសម្រេចដោយការធ្វើតាមផ្លូវកាយ។

– ដោយទ្វារ        ជាកាយទ្វារ និង វចីទ្វារ។

– ដោយសាវជ្ជៈ សម្លាប់សត្វមានគុណច្រើន មានមនុស្សជាដើម មានទោសធ្ងន់ ។ សម្លាប់សត្វមានគុណតិច មានទោសស្រាល ។ សម្លាប់សត្វមានសីល មានទោសធ្ងន់ សម្លាប់សត្វអត់សីល មានទោសស្រាល ។ សម្លាប់សត្វធំមានទោសធ្ងន់ សម្លាប់សត្វតូចមានទោសស្រាល។សម្លាប់-សត្វ​មានគុណមានសរីរៈស្មើគ្នាបើកិលេស និង សេចក្ដីព្យាយាមខ្លាំងមានទោសធ្ងន់ បើកិលេស និង សេចក្ដីព្យាយាមខ្សោយ មានទោសស្រាល ។

៥. ដោយអង្គ មានអង្គ ៥ គឺ៖

១. បាណោ              សត្វមានជីវិត

២. បាណសញ្ញិតា      សេចក្ដីដឹងថាសត្វមានជីវិត

៣. វធកចិត្តំ             គិតនឹងសម្លាប់

៤. ឧបក្កមោ            ព្យាយាមនឹងសម្លាប់

៥. តេន មរណំ        សត្វស្លាប់ដោយព្យាយាមនោះ។

បើគ្រប់អង្គទាំង ៥ ហើយឈ្មោះថាដាច់កម្មបថ (ដាច់សីល) អាចឱ្យផលបដិសន្ធិក្នុងអបាយភូមិបាន។

ប្រសិនបើមិនគ្រប់អង្គ ៥ ទេ មិនដល់ភាពជាកម្មបថទេ (សីលមិនដាច់) តែជាទុច្ចរិតកម្មមិននាំឱ្យបដិសន្ធិក្នុងអបាយភូមិទេ ប៉ុន្តែឱ្យផលក្នុងបវត្តិកាល  គឺ បន្ទាប់ពីបដិសន្ធិរហូតដល់ចុតិ។

បាណាតិបាត មានប្រយោគ ៦ គឺ៖

១- សាហត្ថិកបយោគ សម្លាប់ដោយដៃខ្លួនឯង

២- អាណត្តិកបយោគ          សម្លាប់ដោយប្រើអ្នកដទៃ

៣-និស្សគ្គិយបយោគ   សម្លាប់ដោយវត្ថុសម្រាប់ចោល ឬគ្រវែងជាដើម។

៤-ថាវរបយោគ        សម្លាប់ដោយវត្ថុនៅនឹងមួយកន្លែង ដូចជាអន្ទាក់  អន្លង់ ចម្រូងជាដើម។

៥- វិជ្ជាមយបយោគ   សម្លាប់ដោយវិជ្ជា រាយមន្តអាគមជាដើម ។

៦- ឥទ្ធិមយបយោគ    សម្លាប់ដោយឫទ្ធិ សម្រេចដោយផលដែលកើតអំពី

កម្មដូចជាឫទ្ធិនាគជាដើម​។