និស្ស័យពីកំណើត
ជាធម្មជាតិ បុគ្គលគ្រប់រូបតែងតែទទួលបានលក្ខណៈសម្បត្ដិ ផ្សេងៗគ្នា ទាំងសរីរាង្គកាយ និងទំនោរផ្លូវចិត្ដ។ និស្ស័យ ជាពាក្យមួយម៉ាត់ដែលប្រជាពលរដ្ឋយើងនិយាយជាញឹកញាប់ ដើម្បីសម្គាល់ទៅលើការ
បានជួបប្រាស្រ័យទាក់ទង គ្នា បានរួមរស់ជា
មួយគ្នា ធ្វើអ្វីៗចុះសម្រុងគ្នាជាដើម។ ចុះអ្នកចិត្ដវិទូ លោកបកស្រាយយ៉ាងដូចម្ដេចដែរអំពីនិស្ស័យ។ ហើយនិស្ស័យកើតមានលើមនុស្សពីពេលណា និងតាមរយៈអ្វី?
អ្វីជានិស្ស័យ?
និស្ស័យជាឫកពាដែលមានលក្ខណៈខុសគ្នាពីអត្ដចរិត ដែលអាចទទួលបានពីឥទ្ធិពលនៃការអប់រំរបស់គ្រួសារ មិត្ដភក្ដិ មជ្ឈដ្ឋានជុំវិញ សាលារៀន និងសង្គមនៅពេលដែលបុគ្គលនោះដឹងក្ដី ឬធំពេញវ័យ។ ឥទ្ធិពលនេះអាចឱ្យគេក្លាយជាមនុស្សស្លូតបូត រម្យទម សុភាពរាបសារ ឬកោងកាច ព្រហើនច្រឡើសបើស ខ្ជិលច្រអូសជាដើម។ អត្ដចរិតកើតឡើងលើមនុស្សក្រោយនិស្ស័យមួយជំហាន ដែលអត្ដចរិតនោះគេអាចធ្វើការកែប្រែបានតាមរបត់នៃការរស់នៅក្នុង មជ្ឈដ្ឋាន។ និស្ស័យមានការពាក់ព័ន្ធនឹងមូលដ្ឋានសរីរ បេះដូង ទឹកប្រមាត់ អ័រម៉ូនជាដើម។ ឧទាហរណ៍បុគ្គលមានឫកពាឆេវឆាវ ឆាប់ខឹងច្រឡោត ស្រគត់ស្រគំ ស្ងប់ស្ងៀម ប្រុសតែមានសារជាតិដូចស្រី ឬស្រីតែមានសារជាតិដូចជាប្រុស ស្ទក់ៗទុយមុយ មានសភាពស្រស់ស្រាយ ញញឹមប្រិមប្រិយជាប់ជានិច្ចជាដើម។
លោកប៉ាវ លូវ អ្នកប្រាជ្ញផ្នែកចិត្ដវិទ្យាបានរកឃើញនិស្ស័យរបស់មនុស្សមាន៤គឺ
-មនុស្សចិត្ដនឹងនរ គឺគេមិនងាយផ្លាស់ប្ដូរការគិត មិនងាយជឿជាក់តាមអ្នកដទៃ
-មនុស្សមានការសម្រេចចិត្ដខ្ពស់ គឺជាមនុស្សមានឧត្ដមគតិ មានការគិតល្អិតល្អន់
-មានហេតុផលមុនសម្រេចចិត្ដ
-មនុស្សទុក្ខក្រៀមក្រំ ជាមនុស្សដែលមានភាពខ្វាយខ្វល់ច្រើន រស់នៅដាច់ឆ្ងាយពីអ្នកដទៃ។
និស្ស័យកើតឡើងពេលណា ដោយសារអ្វី?
ជាការពិតណាស់ និស្ស័យរបស់មនុស្សគេអាចបណ្ដុះបានចាប់ពីពេលតាំងគក៌រហូតក្មេង ចាប់ផ្ដើមដឹងក្ដី ទាំងខាងផ្លូវចិត្ដ ឫកពា ចំណង់ចំណូលចិត្ដជាដើម។ មាតាបិតាត្រូវត្រៀមលក្ខណៈជាស្រេចនូវកត្ដាផ្លូវចិត្ដ សេដ្ឋកិច្ច លំនៅដ្ឋាន និងសង្គម ដែលអាចជះឥទ្ធិពលដល់កូនក្នុងផ្ទៃ និងកូនដែលកំពុងចាប់ផ្ដើមវិវត្ដន៍ផ្នែកស្មារតី។
1. កត្ដាផ្លូវចិត្ដ ៖ ឪពុកម្ដាយជាមនុស្សសំខាន់ក្នុងការតម្រង់និស្ស័យកូន(តាមរយៈអារម្មណ៍ របស់ម្ដាយ)។ មិនឈ្លោះគ្នា ឬគ្មានភាពល្អក់កករ បង្កភាពស្និទ្ធស្នាល និងការថ្នាក់ថ្នមផ្លូវកាយផ្លូវចិត្ដ និយាយរឿងសប្បាយៗ ផ្ដល់នូវភាពកក់ក្ដៅរីករាយឱ្យបានច្រើនតាមដែលអាចធ្វើបាន។ ប្ដីត្រូវរកសៀវភៅផ្សេងៗដូចជារឿងនិទានកុមារ ទស្សនាវដ្ដី ឬអត្ថបទអប់រំល្អៗ សម្រាប់ភរិយាអាន ឬអានឱ្យភរិយា និងកូនស្ដាប់ជារៀងរាល់ថ្ងៃ។ លើសពីនេះមាតាគួរមើលទូរទស្សន៍ ឬវីដេអូដែលផ្ដោតសំខាន់ទៅលើវីរភាពអង់អាច ក្លាហានមានឧត្ដមគតិ។ ទាំងនេះកូនអាចមានសតិក្លាហាន មិនកោងកាច មានហេតុផល ឆ្លាតវៃ ឆាប់ចេះនិយាយ កាយសម្បទារឹងប៉ឹង មានទំនាក់ទំនងល្អរវាងអន្ដរបុគ្គលជាដើម។
2. កត្ដាសេដ្ឋកិច្ច ៖ សំខាន់ណាស់សម្រាប់ការទ្រទ្រង់ជីវភាពគ្រួសារពេលដែលស្ដ្រីពពោះ និងក្រោយពេលសម្រាល។ ការបំប៉នសុខភាពមាតា និងទារក ថវិកាត្រៀមត្រូវមានជាចាំបាច់។ ត្រូវគិតពីរបបអាហារឱ្យបានគ្រប់គ្រាន់ និងកម្រិតប្រភេទអាហារ ដែលគួរបរិភោគ។ លើសពីនេះចំពោះការប្រើប្រាស់ថ្នាំក៏ជាកត្ដាសំខាន់ ព្រោះអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពទារកក្នុងផ្ទៃ (ករណីមិនទាន់សម្រាល)។ របបអាហារ និងការប្រើឱសថ គួរប្រឹក្សាជាមួយគ្រូពេទ្យឱ្យបានទៀងទាត់ ដើម្បីតាមដានសុខភាព។
3. ពាក់ព័ន្ធលំនៅដ្ឋាន ៖ លំនៅដ្ឋានគួរសម្អាតឱ្យបានស្អាត ប្រកបដោយផាសុកភាព ពិសេសត្រូវចាប់អារម្មណ៍ចំពោះបន្ទប់ដេកគួរបិទរូបក្មេងស្អាតៗ បន្ទប់គួរលាបពណ៌ពងមាន់ ពណ៌ផ្ទៃមេឃស្រាល ឬពណ៌ស៊ីជម្ពូជាដើម។ ទាំងនេះគឺរួមចំណែកឱ្យម្ដាយមានអារម្មណ៍ល្អស្រស់ថ្លា។
4. កត្ដាសង្គម ៖ ក្មេងទើបនឹងកើត និងមិនទាន់ដឹងក្ដី ពុំទាន់ឆ្លងផុតដំណាក់កាលនៃការពត់និស្ស័យទេ។ ដូច្នេះកត្ដាជុំវិញ ដែលក្មេងបានជួប បានឮ បានឃើញនូវឥរិយាបថ រឿងភាពយន្ដ សកម្មភាពទាំងឡាយរបស់មនុស្សក្នុងសង្គម។ ក្នុងនោះរួមទាំងឪពុកម្ដាយ ញាតិសន្ដាន និងអ្នកដទៃ ពិសេសអ្វីដែលនៅក្បែរ និងដក់ជាប់ក្នុងអារម្មណ៍ ជាចំណែកមួយនៃការបណ្ដុះនិស្ស័យរបស់ក្មេង។
ប្រការចាំបាច់គួរចៀសវាង
ថ្វីត្បិតកូនក្នុងផ្ទៃពុំទាន់ឃើញពន្លឺថ្ងៃ ក្មេងទើបកើតពុំអាចហាស្ដី ឬពុំអាចវិភាគអ្វីបាន ប៉ុន្ដែទារកឬក្មេងអាចទទួលឥទ្ធិពល គ្រប់យ៉ាងដែលម្ដាយបានជួប ឬវាផ្ទាល់បានប្រទះ។ ដូច្នេះព្រឹត្ដិការណ៍ខ្លះដែលមិនគួរភពប្រសព្វ គឺជម្លោះផ្សេងៗ មិនគួរទៅសួរសុខទុក្ខ ឬទៅទីកន្លែងមានអ្នកជម្ងឺធ្ងន់ធ្ងរដែលអាចប៉ះពាល់អារម្មណ៍ មិនគប្បីមើលហេតុការណ៍រន្ធត់ ដូចជាគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរជាដើម ។ មិនគួរមើលទូរទស្សន៍ ឬវីដេអូប្រភេទរឿងខ្មោច រឿងធ្វើទារុណកម្ម រឿងកាចសាហាវ មានកាត់ក្បាល ខ្វេះភ្នែក ឬរឿង ដែលបង្ហាញពីការធ្វើទុក្ខបុកម្នេញពោរពេញដោយការឈឺចាប់ និងទុក្ខសោកសៅនោះទេ។
ដំបូន្មានអ្នកផ្ដល់ប្រឹក្សា
គូស្វាមីភរិយាគ្រប់គ្នាតែងតែប្រាថ្នាមានបុត្រដែលឆ្លាតវៃ មានសុខភាពល្អទាំងកាយទាំងចិត្ដ ស្លូតបូត ស្របតាមគន្លងធម៌។ ប៉ុន្ដែឪពុកម្ដ្កាយស្ទើរមួយរយភាគរយមិនសូវយកចិត្ដទុកដាក់ ឬគិតគូរលើការអប់រំតាំងពីក្នុងផ្ទៃនោះទេ។ លុះកូនកើតមកធំដឹងក្ដីមិនឆ្លាត មិនស្ដាប់ការទូន្មាន ទើបមានវិប្បដិសារី។ ដូច្នេះអាណាព្យាបាលគ្រប់គ្នាត្រូវតែយកចិត្ដទុកដាក់ ជាពិសេសចំពោះទារកតាំងពីក្នុង ឧទររហូតពេញវ័យ ទើបការបណ្ដុះពូជធនធានមនុស្សម្នាក់មានសុពលភាពស្របតាមក្ដីប្រាថ្នា។

